កម្មវិធីអាហារូបករណ៍តាមរយៈការឧបត្ថម្ភពី The United World College បានផ្ដល់ឱកាសដល់សិស្ស និងនិស្សិតខ្មែរមួយចំនួនដែលមានបំណងប្រាថ្នាទៅសិក្សានៅបរទេស។ យុវនិស្សិត សួស អ៊ឹមស៊ូជីវី បានយកជ័យជំនះក្នុងការប្រឡងយកអាហារូបករណ៍នេះ។
ទោះបីជាមានការប្រកួតប្រជែងជាមួយសិស្សជាច្រើនក្នុងការប្រឡង យកអាហារូបករណ៍ទៅរៀននៅបរទេសក៏ដោយ យុវនិស្សិត សួស អ៊ឹមស៊ូជីវី មានប្រសាសន៍ថា ក្ដីស្រមៃមិនជាការពិបាកប៉ុន្មានទេ បើមានការស្វះស្វែង។ គាត់ថា បើចង់បានអាហារូបករណ៍ទៅសិក្សានៅបរទេស ការស្វះស្វែងរកព័ត៌មានជាចំណុចសំខាន់មួយបន្ទាប់ពីការសិក្សា។
យុវនិស្សិត សួស អ៊ឹមស៊ូជីវី៖ «ពេលហ្នឹងខ្ញុំចង់បានអាហារូបករណ៍ ទៅរៀននៅបរទេសអ៊ីចឹង ខ្ញុំអានកាសែតរាល់ថ្ងៃ ប៉ុន្តែពេលមួយពូខ្ញុំនៅខេត្តគាត់ដឹងថា ខ្ញុំចង់បានអាហារូបរណ៍ គាត់បានមើលកាសែតឃើញដំណឹងរបស់ The United World Collegeនៅលើទំព័រកាសែតហ្នឹង ហើយក៏បានទូរស័ព្ទមកខ្ញុំ ខ្ញុំក៏បានទិញកាសែតមកផ្ទះ។ ប្រាប់ម៉ាក់រួចគាត់ថា គួរតែដាក់ពាក្យប្រឡងសាកមើលទៅ។ ខ្ញុំក៏បានទៅសុំពាក្យនៅ CCH ហើយគេផ្ដល់ដោយឥតគិតថ្លៃទេ»។
CCH មានន័យថា Center for Children's Happiness ដែលហៅជាភាសាខ្មែរថា មណ្ឌលកុមារដើម្បីសុភមង្គល ជាអង្គការមួយដែលមានទីស្នាក់ការនៅទីក្រុងភ្នំពេញ និងជាដៃគូរបស់កម្មវិធីរបស់ The United World College ដែលសហការគ្នាផ្ដល់ព័ត៌មាន និងធ្វើការជ្រើសរើសសិស្សខ្មែរសម្រាប់ផ្ដល់អាហារូបករណ៍ទៅរៀននៅ បរទេសរៀងរាល់ឆ្នាំ។
កម្មវិធីប្រឡងយកអាហារូបករណ៍នេះ ជាទូទៅតម្រូវឲ្យសិស្សធ្វើការប្រឡងប្រកួតប្រជែងចំនួនបីជុំ ដើម្បីចម្រាញ់យកចំនួនបេក្ខជននាំមុខចុងក្រោយបង្អស់។
ទាក់ទងនឹងការប្រឡងនេះ អ៊ឹមស៊ូជីវី មានប្រសាសន៍ថា ការប្រឡងមានតែមុខវិជ្ជាសំខាន់ៗបីប៉ុណ្ណោះ។ មុខវិជ្ជានោះគឺគណិតវិទ្យាភាសាខ្មែរ និងភាសាអង់គ្លេស។ ក្នុងបីមុខវិជ្ជានោះ ស៊ូជីវី ប្រឡងបានពិន្ទុខ្ពស់ជាងគេ គឺមុខវិជ្ជាភាសាអង់គ្លេស ប៉ុន្តែចំណុចមួយលើសពីនោះទៅទៀត គឺលទ្ធផលពីសកម្មភាពរបស់គាត់ដែលបានឆ្លើយតបទៅនឹងការសម្ភាសន៍។
អ៊ឹមស៊ូជីវី ៖ «មើលទៅឃើញថា ស្អីដែលខ្ញុំធ្វើបាន គឺពាក់ព័ន្ធជាមួយនឹងផ្នែកភាសាអង់គ្លេសដែលខ្ញុំបានប្រឹងរៀន ព្រោះខ្ញុំចង់ចេញទៅរៀននៅប្រទេសក្រៅ ហើយចំណែកភាសាខ្មែរ និងគណិតវិទ្យាក៏ខ្ញុំទទួលបានលទ្ធផលល្អដែរ ប៉ុន្តែអ្វីដែលលេចធ្លោជាងគេធ្វើឲ្យខ្ញុំទទួលបាននោះ គឺពេលដែលធ្វើសកម្មភាព។ កន្លងមកខ្ញុំចូលចិត្តនិយាយច្រើន ពេលដែលគេសួរសំណួរពាក់ព័ន្ធនឹងបទសម្ភាសន៍ ដូចជាការធ្វើការងារជាក្រុមអ៊ីចឹង គឺខ្ញុំយល់ថា ខ្ញុំមានភាពជាអ្នកដឹកនាំ ដែលជួយឲ្យខ្ញុំលេចធ្លោ ហើយសិស្សដទៃទៀតក៏គាត់មានដូចគេអ៊ីចឹងដែរ។ អ្នកខ្លះគាត់សរសេរបានល្អជាងខ្ញុំ ប៉ុន្តែការធ្វើសកម្មភាពវិញ ពួកគាត់ពុំសូវបានយល់ដឹងពីការធ្វើសកម្មភាពប៉ុន្មានទេ»។
យុវនិស្សិត ស៊ូជីវី បានប្រកួតជាមួយសិស្សជាង ១ពាន់នាក់ក្នុងចំណោមបេក្ខជនប្រឡងជាង ១ពាន់នាក់។ ការប្រកួតប្រជែងចុងក្រោយជ្រើសរើសយកតែចំនួន ៥នាក់ប៉ុណ្ណោះ។
យុវនិស្សិត សួស អ៊ឹមស៊ូជីវី បានជាប់នៅជម្រើសចុងក្រោយក្នុងចំណោមបេក្ខជន ៥នាក់នោះ ហើយត្រូវទទួលការឧបត្ថម្ភអាហារូបករណ៍ទាំងស្រុង មករៀននៅក្រុងរយៈពេលពីរឆ្នាំ គឺឆ្នាំ២០០៩។ នេះជាការចាកចេញពីប្រទេសកម្ពុជា ជាលើកដំបូងក្នុងជីវិតរបស់គាត់។
យុវនិស្សិត សួស អ៊ឹមស៊ូជីវី បច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំ ផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្រកុំព្យូទ័រ នៅសកលវិទ្យាល័យ លូដ័រ ឬហៅថា Luther College ក្នុងទីក្រុងឌីកូរ៉ា (Decorah) នៃរដ្ឋអាយ្ហូវ៉ា (Iowa) សហរដ្ឋអាមេរិក។ អ៊ឹម ស៊ូជីវី បានមកដល់សកលវិទ្យាល័យនៃសហរដ្ឋអាមេរិកនេះ នៅចុងឆ្នាំ២០១០ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅក្នុងទីក្រុងនេះរយៈពេលពីរឆ្នាំ។
អាហារូបករណ៍ពីសកលវិទ្យាល័យ The United World college ជ្រើសរើសសិស្ស និស្សិតពីបណ្ដាប្រទេសមួយចំនួនជុំវិញពិភពលោក ក្នុងនោះមានប្រទេសកម្ពុជាដែរ រៀងរាល់ឆ្នាំ តាមរយៈការប្រឡងប្រជែងដែលសហការជាមួយមណ្ឌលកុមារដើម្បីសុភមង្គល ដៃគូជាមួយអង្គការចិរភាពកម្ពុជា ឬហៅថា Sustainable Cambodia ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៥។
អាហារូបករណ៍នេះគឺផ្ដល់ទាំងស្រុងតែម្ដង គឺមានន័យថា ទាំងថ្លៃសិក្សា ថ្លៃយន្តហោះ ការហូបចុក និងការស្នាក់នៅទាំងស្រុងក្នុងរយៈពេលសិក្សា ៦ឆ្នាំ។
កម្មវិធីអាហារូបករណ៍ The United World College មានទីស្នាក់ការធំក្នុងនៅប្រទេសអង់គ្លេស។ The United World College បានស្វែងរកចំណូលក្នុងបំណងជួយយុវជន និងកុមារ ដើម្បីឲ្យមានការរីកចំរើនផ្នែកសិក្សាទៅអនាគត។ The United World College មានបណ្ដាញចំនួន ១៣ នៅក្នុងពិភពលោក ដូចជានៅក្នុងប្រទេសអង់គ្លស អាមេរិក អ៊ីតាលី សិង្ហបុរី ឥណ្ឌា ហុងកុង ជាដើម៕
No comments:
Post a Comment