ហាត់ប្រាណជាអាវុធទប់ស្កាត់ភាពចាស់ជ្រីវជ្រួញ
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ McMaster នៃប្រទេសកាណាដា បានរកឃើញថា ការហាត់ហាត់ប្រាណពិតជាអាចទប់ស្កាត់ដំណើរការនៃការវិវត្តន៍ ទៅរកភាពចាស់ជ្រីវជ្រួញបានប្រាកដមែន ។
លទ្ធផលនៃការវិភាគលើការស្រាវជ្រាវនេះបានបង្ហាញថា ការហាត់ប្រាណមិនត្រឹមតែធ្វើឲ្យមានអាយុវែងប៉ុណ្ណោះទេ ថែមទាំងជួយពន្យានូវភាពចាស់ជ្រីវជ្រូញបានទៀតផង។ ក្រុមអ្នកស្រាវជ្រាវដដែលបានថ្លែងថាសកម្មភាពនៃការហាត់ប្រាណបាន ផ្ដល់នូវការការពារប្រឆាំងនឹងស្កូវសក់ ការជ្រុះសក់ និងការពារភាពមិនដំណើរការនៃសាច់ដុំ និងខួរក្បាល បានស្ទើរតែ១០០ភាគរយ។
យោងតាមលោក ម៉ាក តាណូប៉ូលស្គី (Mark Tarnopolsky) ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ និងជាសាស្រ្ដាចារ្យនៅសាលាវេជ្ជសាស្រ្ដ DeGroote នៃសាកលវិទ្យាល័យ McMaster បានឲ្យដឹងថា អ្វីដែលធ្វើឲ្យគាត់រំភើបខ្លាំងនោះគឺ សរីរាង្គបង្កកំណើត ឆ្អឹង និងថ្លើម សុទ្ធតែល្អជាងមុននៅពេលដែលយើងហាត់ប្រាណ។ លើសពីនេះទៅទៀត វាអាចជួយថែរក្សាខួរក្បាលផងដែរ។
លោក សាស្រ្ដាចារ្យ តាណូប៉ូស្គីបានកត់សម្គាល់ថា របកគំហើញនៃការស្រាវជ្រាវថ្មីនេះ គឺសំខាន់ណាស់សម្រាប់លើកទឹកចិត្តឲ្យមនុស្សយើងងាកមកហាត់ប្រាណ ឲ្យបានគ្រប់គ្នា។ គាត់បានបន្ថែមទៀតថា នៅពេលដែលមនុស្សដែលមិនធ្លាប់ ឬមិនសូវហាត់ប្រាណ បានដឹងពីរឿងនេះ ពួកគេនឹងចាប់ផ្ដើមធ្វើវាចាប់ពីឥលូវនេះ ទោះតិចឬច្រើនក្ដី។
ការសិក្សាស្រាវជ្រាវមុនៗក៏មិនសូវខុសគ្នាពីការស្រាវជ្រាវ របស់ក្រុមលោក តាណូប៉ូស្គី ប៉ុន្មានដែរ ដូចជាការហាត់ប្រាណអាចទប់ស្កាត់កាឡូរីខ្ពស់ និងកំចាត់ជាតិពុលចេញពីខ្លួនជាដើម។ ដោយនិយាយសំដៅទៅលើគុណប្រយោជន៍ការហាត់ប្រាណចំពោះសុខភាព លោក តាណូប៉ូលស្គី បានចង្អុលបង្ហាញថា មនុស្សភាគច្រើនមិនបានជឿលើសារៈសំខាន់នៃការហាត់ប្រាណទេ ហើយគាត់ក៏បានបញ្ជាក់ដែរថា ពេលនេះក្រុមគាត់បានបង្ហាញយ៉ាងច្បាស់ហើយថា គ្មានអ្វីដែលអាចជំនួសការហាត់ប្រាណពិតប្រកដនោះទេ ហើយវានឹងធ្វើឲ្យអ្នកក្មេងជាងវ័យ នឹងកាត់បន្ថយភាពជ្រីវជ្រូញ។ព័ត៌ មានដ៏ល្អទៀតគឺថា វាមិនទាន់យឺតពេលទេសម្រាប់ទាំងអស់គ្នានោះទេ។ លោក តាណូប៉ូស្គី បានកត់សម្គាល់ឃើញថា ការស្រាវជ្រាវនេះបានបង្ហាញថា អ្នកដែលចំណាយពេលច្រើនចំពោះការងារក៏អាចទទួលអត្ថប្រយោជន៍ពីការ ហាត់ប្រាណដើម្បីបង្កើនថាមពល ភាពរហ័សរហួន និងធ្វើឲ្យមានសុខភាពល្អជាងមុនបានដែរ។ លោកបានផ្ដល់ដំបូន្មានថា ចូរចាប់ផ្ដើមធ្វើចលនា ធ្វើសកម្មភាព ហើយនឹងឲ្យក្មេងតូចៗចាប់ផ្ដើមហាត់ប្រាណពីវ័យក្មេងទៅ។
No comments:
Post a Comment