Tuesday, April 10, 2012

ផល​ស្រូវ​កម្ពុជា​ក្នុង​ឆ្នាំ​២០១១ បាន​ជាង ៨,៧​លាន​តោន Popzone News | Money

ផល​ស្រូវ​កម្ពុជា​ក្នុង​ឆ្នាំ​២០១១ បាន​ជាង ៨,៧​លាន​តោន Popzone News | Money
ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១២ បាន​បើក​សន្និបាត​ប្រចាំ​ឆ្នាំ ដើម្បី​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១២ លើ​វិស័យ​កសិកម្ម។
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត នា​ក្រសួង​កសិកម្ម រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​៩ មេសា ឆ្នាំ​២០១២។

នៅ​ក្នុង​សន្និបាត​នោះ មន្ត្រី​ជាន់​ខ្ពស់​បាន​វាយ​តម្លៃ​ថា ប្រទេស​កម្ពុជា នៅ​តែ​មាន​លទ្ធភាព​នាំ​ចេញ​អង្ករ​ចំនួន ១​លាន​តោន​នៅ​ឆ្នាំ​២០១៥ ខាង​មុខ តាម​ការ​គ្រោង​ទុក។
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១២ បាន​ប្រកាស​ថា ប្រទេស​កម្ពុជា បាន​ប្រមូល​ផល​ស្រូវ​សរុប​នៅ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ​បាន​ចំនួន​ជាង ៨,៧​លាន​តោន ប្រៀបធៀប​ឆ្នាំ​២០១០ កន្លង​ទៅ គឺ​ប្រហាក់ប្រហែល​គ្នា បើ​ទោះ​បី​ជា​គ្រោះ​ទឹក​ជំនន់​នៅ​ឆ្នាំ​២០១១ បាន​បំផ្លាញ​ស្រូវ​ចំនួន​ជិត ២៧​ម៉ឺន​ហិកតារ។

ចំនួន​ផល​ស្រូវ​នៅ​ឆ្នាំ​២០១១ នោះ គឺ​បាន​មក​វិញ ដោយសារ​ការ​ស្តារ​កសិកម្ម​ឡើង​វិញ​ទាន់​ពេល​វេលា ក្រោយ​ពី​ទឹក​ជំនន់​បាន​ស្រក។ នៅ​ឆ្នាំ​២០១១ មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​រំពឹង​ថា នឹង​សល់​ស្រូវ​ចំនួន​ជាង ៤,៣​លាន​តោន គិត​ជា​អង្ករ​ចំនួន​ជាង ២,៧​លាន​តោន។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា លោក​មិន​មាន​ការ​ព្រួយ​បារម្ភ​ទេ អំពី​លទ្ធភាព​នាំ​ចេញ​អង្ករ​ឲ្យ​បាន​ជាង ១​លាន​តោន​នៅ​ឆ្នាំ​២០១៥​នោះ។
លោក​ពន្យល់​ថា៖ «អង្ករ​ត្រូវ​បាន​នាំ​ចេញ​ចំនួន​ពី ២០​ម៉ឺន​តោន​រួច​ស្រេច​ទៅ​ហើយ ...នៅ​ឆ្នាំ​២០១២ នឹង​ត្រូវ​មក​ដល់​នៅ​ឆ្នាំ​នេះ និង​កើន​ទ្វេ​ដង (៤០ ម៉ឺន​តោន)។ ខ្ញុំ​និង​សហការី​ខ្ញុំ​សុទិដ្ឋិនិយម​ណាស់​ក្នុង​ការ​នាំ​ចេញ​អង្ករ​ចំនួន​ជាង ១​លាន​តោន​នៅ​ឆ្នាំ​២០១៥ នៅ​ពេល​ខាង​មុខ​នេះ ដោយសារ​ឥឡូវ​នេះ​មាន​គេ​ចុះ​មក​បណ្ដាក់​ទុន ការ​បង្កើត​រោង​ម៉ាស៊ីន​កិន​ស្រូវ​នេះ​កាន់​តែ​ច្រើន​ឡើង។ អញ្ជើញ​តាម​ផ្លូវ​ជាតិ​លេខ​២​ក្តី តាម​ផ្លូវ​ជាតិ​លេខ​៣​ក្តី ...​រោង​ម៉ាស៊ីន​កិន​ស្រូវ​កំពុង​តែ​កើន​ច្រើន​ណាស់។ ឆ្នាំ​២០១៥​នេះ ប្រាកដ​ណាស់​នឹង​មាន​អង្ករ​ជាង ១​លាន​តោន​សម្រាប់​នាំ​ចេញ»។
ទាក់ទង​នឹង​វិស័យ​កសិកម្ម​នេះ​ដែរ អនុ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក គិត សេង បាន​មាន​ប្រសាសន៍​ថា កសិករ​ខ្មែរ​នៅ​ខ្វះ​ការ​យល់​ដឹង​អំពី​បច្ចេកទេស​ទំនើប​ក្នុង​ការ​ដាំ​ដុះ​ស្រូវ និង​ខ្វះ​ការ​យល់​ដឹង​អំពី​ស្រូវ​ពូជ​ចំនួន ១០​ប្រភេទ​នៅ​ឡើយ។

លោក គិត សេង៖ «សហគមន៍​កសិកម្ម​ចំនួន ៣៧៣ នៅ​ពុំ​មាន​សមត្ថភាព​គ្រប់គ្រង​រឹង​មាំ​ធនធាន​ហិរញ្ញវត្ថុ​មាន​តិចតួច និង​ការ​ផ្ដល់​សេវា​ជូន​សមាជិក​មាន​កម្រិត។ បណ្ដា​ស្ថានីយ​ពិសោធន៍ មណ្ឌល​អភិវឌ្ឍន៍​កសិកម្ម មាន​ដំណើរ​ការ​រអាក់រអួល​ដោយសារ​ធនធាន​មាន​កម្រិត។ សេវា​ផ្សព្វផ្សាយ​កសិកម្ម​នៅ​ថ្នាក់​មូលដ្ឋាន នៅ​ថ្នាក់​ស្រុក​នៅ​ទន់​ខ្សោយ​នៅ​ឡើយ ដោយសារ​កង្វះ​មន្ត្រី និង​ធនធាន​ហិរញ្ញវត្ថុ។ ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ច​សន្យា​មិន​ទាន់​ដំណើរ​ការ។ ការ​រៀបចំ​កំណត់​តំបន់​ដាំដុះ និង​ការ​កសាង​ផែនទី​ប្រើប្រាស់​ដី​កសិកម្ម មិន​ទាន់​បាន​អនុវត្ត​បាន​ពេញ​លេញ»។
បច្ចុប្បន្ន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កំពុង​តែ​ជំរុញ​ឲ្យ​កសិករ​ខ្មែរ​ប្រើប្រាស់​ស្រូវ​ពូជ​ចំនួន ១០​ប្រភេទ ដើម្បី​បង្កើន​ទិន្នផល​ស្រូវ​ឲ្យ​បាន​ច្រើន​ក្នុង​នោះ​មាន ស្រូវ​ធ្ងន់​ប្រភេទ​រាំងជ័យ ខា​៤ និង​ខា​៦។ ស្រូវ​កណ្ដាល​ប្រភេទ​ផ្កា​រំដួល ផ្កា​ច័ន្ទសែនស និង​ផ្កា​ល្មៀត និង​ស្រូវ​ស្រាល​ប្រភេទ​អីអែរ (IR) ៦៦ សែន​ពិដោរ និង​ផលសា។
ស្រូវ​ពូជ​ចំនួន ១០​ប្រភេទ​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ខាង​កសិកម្ម​បាន​បញ្ជាក់​ថា ជា​ប្រភេទ​ស្រូវ​ផ្តល់​ទិន្នផល​ខ្ពស់ និង​ធន់​នឹង​ជំងឺ។
ប្រទេស​កម្ពុជា មាន​ផ្ទៃ​ដី​ធ្វើ​ស្រែ​នៅ​រដូវ​វស្សា​ចំនួន​ជាង ២,៥​លាន​ហិកតារ និង​ផ្ទៃ​ដី​ធ្វើ​ស្រែ​នៅ​រដូវ​ប្រាំង​ចំនួន​ជាង ៤​សែន​ហិកតារ។ ជា​មធ្យម​កសិករ​ខ្មែរ​ផលិត​ស្រូវ​បាន​ចំនួន​ជាង ៣​តោន​ក្នុង​មួយ​ហិកតារ៕
 
ប្រភពពត៌មាន សុខ សេរី -វិទ្យុអាស៊ីស៊េរី | ភ្នំពេញ(សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។)

No comments:

Post a Comment